បើចង់មានចូរកសាង “សេរីភាព” កុំដេញតាម “ស្ថេរភាព”
សៀវភៅ “ឳពុកអ្នកមានបង្រៀនកូនអ្នកក្រ” អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់លឺពាក្យថាឳពុកអ្នកមាននិងឳពុកអ្នកក្រហើយ។ នៅក្នុងនោះ ទស្សនៈរវាងឳពុកអ្នកមាននិងឳពុកអ្នកក្រគឺខុសគ្នាដាច់ស្រឡះតែម្តង។ បន្តពីនេះផងដែរ សៀវភៅមួយក្បាលទៀតដែលសរសេរដោយលោក Robert T.Kiyosaki ដូចគ្នាមានចំណងជើងថា “ឳពុកអ្នកមានបង្រៀនកូនត្រៀមធ្វើជាម្ចាស់អាជីវកម្ម”។ សៀវភៅនេះចាក់ដោតខ្លាំងមែនទែនសម្រាប់អ្នកដែលកំពុងស្ទាក់ស្ទើរក្នុងស្ថានភាពមួយដែលតម្រូវអោយសម្រេចចិត្តថាតើគួរធ្វើការអោយគេឬបើកអាជីវកម្មខ្លួនឯង?
ការធ្វើការអោយអ្នកដទៃ ប្រាកដណាស់អ្នកមិនចាំបាច់ត្រូវខ្វល់ខ្វាយក្នុងការបែងចែករឿងចំណាយនិងគ្រង់គ្រងធនធានមនុស្សនោះទេ។ អ្វីដែលអ្នកត្រូវធ្វើគឺបំពេញការងារដែលថ្នាក់លើបានដាក់អោយអោយចប់រួចរាល់ហើយជាការស្រេច។ ដល់ខែមានប្រាក់ខែស្រាប់ៗ មានបាយហូប និងគ្មានហានិភ័យ។ ដោយឡែកនៅពេលអ្នកបើកអាជីវកម្មខ្លួនឯង អ្នកត្រូវគិតគូរឿងចំណាយ ត្រូវស្វែងរកដើមទុន និងត្រូវបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងបុគ្គលិក។ បើនិយាយជារួម ហានិភ័យនិងឱកាសដើរទន្ទឹមគ្នា។
នៅក្នុងសៀវភៅនេះ អ្នកនិពន្ធជាបុគ្គលិកនៅក្នុងក្រុមហ៊ុនមួយដែលមានតំណែងពិតប្រាកដមួយស្រាប់។ ការងាររបស់គាត់មានស្ថេរភាពរួចទៅហើយ ប៉ុន្តែគាត់មានចិត្តចង់បើកមុខជំនួញផ្ទាល់ខ្លួនវិញម្តង។ ពេលនោះផងដែរ គាត់ក៏បានយកគំនិតរបស់ឳពុកអ្នកមាននិងឳពុកអ្នកក្រមកពិចារណា។ ឳពុកអ្នកមានបានប្រាប់គាត់ថា “បើកូនចង់មានចូរកូនកសាងសេរីភាព និងកុំព្យាយាមដេញតាមស្ថេរភាពអោយសោះ”។ ខុសប្លែកពីឳពុកអ្នកមាន ឳពុកអ្នកក្រតែងតែផ្តាំទៅកូនថាអោយកូនខំប្រឹងរៀនសូត្រដើម្បីថ្ងៃក្រោយមានការងារល្អធ្វើ។ ជាក់ស្តែងណាស់ ការធ្វើការអោយគេវាប្រាកដជាផ្តល់អោយអ្នកនូវទ្រនំស្រួលមួយជាជាងធ្វើចាហ្វាយដោយខ្លួនឯង។ ការពេញចិត្តរស់នៅក្នុងភាពសុខស្រួលបែបនោះគឺយើងកំពុងសាងសង់នូវកំពែងស្ថេរភាពសម្រាប់ខ្លួនឯង ព្រោះយើងគិតថាប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ។ ផ្ទុយមកវិញ ការធ្វើជំនួញផ្ទាល់ខ្លួនវានឹងមិនផ្តល់អោយអ្នកនូវស្ថេរភាពបែបនេះទេ ប៉ុន្តែនៅរយៈពេលខាងមុខណាមួយអ្នកនឹងមានសេរីភាព។ សេរីភាពលុយកាក់ និងសេរីភាពពេលវេលា។ លោក Robert លើកឡើងនូវពាក្យមួយឃ្លាថា “បើមនុស្សយើងខំប្រឹងស្វែងរកស្ថេរភាពកាន់តែច្រើន គេក៏បាត់បង់សេរីភាពកាន់តែច្រើន”។
ស្ថេរភាព ឬសេរីភាពគឺជាការជ្រើសរបស់អ្នក។ មានពាក្យស្លោកខ្មែរយើងពោលថា “នឿយមុន ស្រនុកក្រោយ”។ បើអ្នកតាំងចិត្តពុះពារ មិនខ្លាចនឿយហត់ និងពេញចិត្តក្នុងការរៀនសូត្រដើម្បីអភិវឌ្ឍន៍ខ្លួនឯងទៅមុខ អ្នកប្រាកដជាស្វែងរកសេរីភាពអោយខ្លួនឯងបាន។ ដោយឡែក បើអ្នករុញរា និងភ័យខ្លាចក្នុងការធ្វើជាចាហ្វាយ ដូច្នេះអ្នកក៏អាចជ្រើសរើសនៅបន្តជាកូនចៅគេទៀតបានដែរ៕
ប្រភពៈ នួន អក
Comments
Post a Comment