តើធ្វើដូចម្តេចបានដឹងថាការចំណាយលុយរបស់យើងត្រូវឬខុស?


តើធ្វើដូចម្តេចបានដឹងថាការចំណាយលុយរបស់យើងត្រូវឬខុស?


ជាធម្មតា មនុស្សភាគច្រើនដែលបាននៅបន្តជីវិតរស់នៅរាល់ថ្ងៃ គឺពួកគាត់បានបន្តចាយលុយរាល់ថ្ងៃ តែគ្រាន់តែថាចាយទៅតាមកម្រិតមួយណានោះ។  មានមនុស្សជាច្រើនដែលមិនបានដឹងថាឆ្នាំមុននៅថ្ងៃនេះ ខ្លួនបានចាយលុយអស់ប៉ុន្មាន ហើយចាយទៅលើអ្វីខ្លះ ចាយបានត្រឹមត្រូវឬមិនបានត្រឹមត្រូវនោះទេ។
តើធ្វើដូមម្តេចបានដឹងថារាល់ថ្ងៃនេះយើងបានប្រើប្រាស់លុយបានត្រឹមត្រូវ ឬមិនត្រឹមត្រូវដោយរបៀបណា?

ដើម្បីដឹងពីច្បាស់ពីចំនុចនេះ យើងត្រូវសួរខ្លួនឯងថា តើ លុយដែលយើងបានចំណាយចេញទៅរាល់ថ្ងៃនេះ ពួកវាបានផ្តល់ប្រយោជន៍អ្វីដល់យើងវិញខ្លះ? តើផលពីពួកវាបានជួយឲ្យកាន់តែមានសុខភាពល្អ ឬជួយបំផ្លាញដល់សុខភាពយើង? ជួយឲ្យយើងកាន់តែមានកិត្តិយស ឬអាប់កិត្តិយស? ព្រមទាំងតើពួកវាបានជួយឲ្យយើងកាន់តែកើនទ្រព្យទេ ឬកើនបំណុល?​​​ 

ខាងក្រោយនេះជាចំនុចចំណេះដឹងដែលយើងគួរតែមាន ឬត្រូវតែមានៈ

១) មានផែនការហិរញ្ញវត្ថុ

គឺជាការកំនត់ពីចំនួនលុយនៅពេលខាងមុនដូចជា ៣ខែ ៦ខែ ១ឆ្នាំ ៥ឆ្នាំ ១០ឆ្នាំ………តើយើងចង់មានលុយចំនូនប៉ុន្មានពិតប្រាកដ។ ក្នុងពេលកំណត់នោះចូរកុំគិតថាត្រូវធ្វើម្តេច គឺគ្រាន់តែចង់បានប៉ុន្មានសិន​ រួចចាំគិតថាត្រូវធ្វើដូចម្តេច? ត្រូវសុំជំនួសពីនរណាពេលក្រោយ។

២) បញ្ជីចំនូលចំណាយប្រចាំថ្ងៃ ខែ ឆ្នាំ

នេះជាទិន្ន័យកំណត់ត្រាច្បាស់លាស់មួយ ក្នុងការធ្វើការតាមដានរាល់ការចំណាយរបស់យើងថាតើលុយដែលយើងបានចំណាយទាំងនេះបានស្របនឹងផែនការហិរញ្ញវត្ថុរបស់យើងក្នុងកំរិតណា។ វាក៏អាចបញ្ជាក់ពីទំលាប់ និងអាកប្បកិរិយាក្នុងការចាយលុយរបស់យើងយ៉ាងច្បាស់ផងដែរ។

៣) មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ចំណេះមួយនេះគឺជាចំណេះដឹងដែលមានសារៈសំខាន់បំផុតមួយ ព្រោះវាអាចជួយជំរុញឲ្យយើងមានការខាតលុយ ឬក៏ចំណេញលុយ។

ចំណេះដឹងនេះ បើតាមលោកគ្រូ រ៉ូបឺត គឹយូសាគីបានសរសេរក្នុងគេហទំព័រ Richdad.com បាននិយាយថា វាបានផ្សំឡើងពី១៥ចំនុច។(ចំនុចនេះខ្ញុំធ្លាប់បាននិយាយរៀបរាប់រួចហើយ)។ មិនត្រឹមតែប៉ុណ្ណោះទេ លោកគ្រូ សៀវ សុផល បានសង្ខេបយ៉ាងខ្លីមកត្រឹម៤ចំនុចគឺៈ

-ចំណេះដឹងផ្នែកការវិនិយោគ
-ចំណេះដឹងផ្នែកច្បាប់
-ចំណេះដឹងផ្នែកទីផ្សារ
-ចំណេះដឹងផ្នែកគណនេយ្យ។

បើយើងពិតជាបានរៀបចំចំនុចធំៗទាំងបីខាងលើរួចរាល់ពិតហើយ នោះយើងប្រាកដជាអាចដឹងយ៉ាងច្បាស់ ថាតើរាល់ថ្ងៃនេះ រាល់ការចំនាយលុយរបស់យើងវាពិតជាត្រឹមត្រូវ  មិនទាន់បានត្រឹមត្រូវគ្រប់គ្រាន់ ឬក៏មិនត្រឹមត្រូវជាក់បាន។




Comments