សីល​ធម៌​ឬ​សីល​៥

សីល​ធម៌​ឬ​សីល​៥



ពាក្យ​ថា សីលធម៌ មកពី សីល+​ធម៌ បាន​ទៅ​ជា​សីលធម៌។ សីល គឺ​ជា​ចេតនា​ដែល វៀរចាក​អំពើ​អាក្រក់ ការ​កាន់​ឬ​ប្រព្រឹត្ត​ល្អ​ដោយ​កាយ​ វាចា ការ​កាន់​ចរិយាល្អ ការ​សង្រួម​អង្គ​នៃ ចរិយា មាយាទល្អ សេចក្ដី​ល្អ អំពើ​ល្អ ។ល។

ឯ​ពាក្យ​ថា ធម៌ ក្នុង​ទី​នេះ គឺ​សំដៅ​យក​តែ​ធម៌​ល្អ​ដែល​ជា​លទ្ធ​ផល​នៃ​ការ​ប្រព្រឹត្ត​ល្អ​គឺ សីល នោះ​ឯង រួមពាក្យ​ទាំង​ពីរ​បញ្ចូល​គ្នា​បាន​ជា សីល​ធម៌ បាន​សេចក្ដី​ថា ដំបូន្មាន​ដែល​នាំ​អោយ​វៀរចាក​អំពើ​អាក្រក់ ហើយ​អោយ​ប្រព្រឹត្ត​តែ​អំពើ​ល្អ ដូច្នេះ សីល និង​ ធម៌ គឺ​ជា​គូរ​នឹង​គ្នា មិន​អាច​បែក​គ្នា​បាន​ឡើយ អ្នក​ណា​គ្មាន​សីល អ្នក​នោះ​គ្មាន​ធម៌ អ្នក​ណា​មាន​សីល​អ្នក​នោះ​មាន​ឈ្មោះ​ថា ជា​អ្នក​រស់នៅ​ប្រកប​ដោយ​ធម៌ ឬ​ សីលធម៌ ព្រោះ​អ្នក​មាន​សីល​គឺ​ជា​អ្នក​សម្បូណ៌​ទៅ​ដោយសេចក្ដី​ស្ងប់ សម្រាប់​ខ្លួន​ឯង​ផង និង​អ្នក​ដទៃ​ផង។ តើ​ពាក្យ​ថា អ្នក​មាន​សីល មាន​ឈ្មោះ​ថា​មាន​ធម៌​ឬ​សីល​ធម៌​នោះ​មាន​សេចក្ដី​យ៉ាង​ណា? សេចក្ដី​នោះ​យ៉ាង​នេះ​គឺៈ

ទី១ មិន​សម្លាប់​សត្វ នាំ​​ឲ្យ​មាន​ធម៌​មេត្តា
ទី២ មិន​លួច​ទ្រព្យ​គេ នាំ​អោយ​មាន​ធម៌ សម្មាអាជីវៈ
ទី៣ មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម នាំ​ឲ្យ​មាន​ធម៌ សទារសន្ដោសៈ
ទី៤ មិន​និយាយ​កុហក នាំ​ឲ្យ​មាន​ធម៌ សច្ចៈ
ទី៥ មិន​ផឹក​ទឹក​ស្រវឹង​ នាំ​ឲ្យ​មាន​ធម៌ សតិ សម្បជញ្ញៈ

ពុទ្ធសាសនិក​ជន​ដែល​ស្មគ្រ័​រក្សា​សីល​៥​ជា​ដើម ពុំ​មែន​ជាទម្លាប់​ដែល​ធ្វើ​តៗ​គ្នា ឬ​គ្រាន់​តែ​ធ្វើ​ឲ្យ​ល្អ​មើល​នោះ​ទេ តែ​ជា​ការ​ប្រព្រឹត្ត​ដើម្បី​អប់​រំចិត្ត ប្រក់​ព្រំ​ឲ្យ​បាន​ជា​ម្លប់​ដ៏​ត្រជាក់​របស់​ចិត្ត ជា​គ្រឿង​អលង្ការ​របស់​ចិត្ត ធ្វើ​អោយ​ចិត្ត​មាន​សេចក្ដី​សុខ​ដ៏​ត្រជាក់​ ព្រោះ​ការ​រក្សាសីល​នេះ​ឯង។ អ្នក​រក្សា​សីល​មិន​ត្រឹម​តែ​នាំ​មកនូវ​សេចក្ដី​សុខ​សម្រាប់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​នាំ​មក​នូវ​សេចក្ដី​សុខ​ដល់​ក្រុម​គ្រួសារ បងប្អូន​សាច់​ញាតិ សង្គមជាតិ និង​លោក​ធាតុទាំង​មូល ព្រោះ​អ្នក​រក្សា​សីល​ជា​អ្នក សម្បូរណ៌​ទៅ​ដោយ​សេចក្ដី​សុខ។




Comments